Menu

    ទំព័រ​ដើម អំពីយើង​ខ្ញុំ ការងារ​ពួក​យើង ទំនាក់ទំនង ចុះ​ផ្សាយ​វីដេអូ

ក្រុង​នឹង​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​ថ្មី ៤​កន្លែង​ជាប់​គ្នា ស្ថិតនៅ​ខាងក្រោម​សួនច្បារ​



ភ្នំពេញ: លោក​អភិបាល​រាជធានី​ភ្នំពេញ​បានប្រកាសថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​ថ្មី​ចំនួន​៤​កន្លែង​ជាប់ៗ​គ្នា​បន្តបន្ទាប់​ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ខាងក្រោម​សួនច្បារ​ចាប់ពី​សួនច្បារ​មុខ​សក្យមុនីចេតិយ រហូត​ជិត​ដល់​មាត់ទន្លេ​ផ្សារ​ចាស់ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ដើម្បី​ដោះស្រាយ​បញ្ហា ខ្វះ​ចំណតរថយន្ត នៅ​ទីក្រុង​ភ្នំពេញ​។

​លោក​បន្តថា​៖ ទីតាំង​ចំណតរថយន្ត​ក្រោម​ដី​ទី​៥​គ្រោង​ធ្វើ​នៅក្រោម​ដី​នៅក្រោម​វាលមេរុ​សម្រាប់​ចំណតរថយន្ត​របស់​សារៈមន្ទីរ​ជាតិ ដែល​ចំណត​នេះ​អាច​ខាង​ព្រះបរមរាជវាំង​ឬ​រាជធានី​ភ្នំពេញ​អ្នកទទួលខុសត្រូវ​ខាង​ថវិកា​ក្នុងការ​សាងសង់​យោងតាម​ការឯកភាព​គ្នា​។​

​លោក ប៉ា សុជាតិ​វង្ស បានប្រកាស​បែបនេះ​ក្នុង​ពិធី​តែងតាំង​លោកស្រី​អភិបាលរង​រាជធានី​ភ្នំពេញ​ម្នាក់​កាលពី​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៧​នេះ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​
​ពាក់ព័ន្ធ​បញ្ហា​ចំណតរថយន្ត​ក្រោម​ដី​ថ្មី​នេះ​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ដែរថា​៖​ក្នុងនោះ​ទីតាំង​ចំណតរថយន្ត​ទី​១ និង​ទី​២ បាននិងកំពុង​ដំណើរកា​រ​សាងសង់​ជិត​រួចរាល់​ហើយ​។ ចំណែក​ទីតាំង​ចំណតរថយន្ត​ទី​៣ មានការ​ឯកភាព​ពី​រាជរដ្ឋាភិបាល​រួចហើយ កំពុង​សិក្សា​គម្រោង​លម្អិត និង​ទី​តាំងទី​៤ កំពុង​ស្នើរ​សុំ​ការអនុញ្ញាត​ពី​រាជរដ្ឋាភិបាល ដែល​ចំណតរថយន្ត​ក្រោម​ដី​ទាំងនោះ​នឹង​ចេញ​ជា​រូបរាង​ក្នុងពេល​ខាងមុខ​។​

​ពាក់ព័ន្ធ​ការសាងសង់​ចំណតរថយន្ត​ក្រោម​ដី​ថ្មី​នេះ​លោក មាន ចាន់​យ៉ា​ដា បាន​ឲ្យ​ដឹងថា​៖ ចំណតរថយន្ត​ទី​១ គឺជា​ចំណតរថយន្ត​របស់​ក្រុមហ៊ុន​កាណាឌីយ៉ា ចំណតរថយន្ត​ទី​២.​របស់​ក្រុមហ៊ុន ធនាគារ​វឌ្ឍនៈ ដែល​ក្រុមហ៊ុន​ពីរ​នេះ​កំពុង​សាងសង់​ចំណតរថយន្ត​ក្រោម​ដី​នៅក្រោម​សួនច្បារ​ក្បែរ​គ្នា ទី​៣. ក្រុមហ៊ុន​កំពុង​រៀបចំ​គម្រោង​ស្នើសុំ​ស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី​ក្រោម​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ​(​ក្រុមហ៊ុន​មិន​ចាំ​ឈ្មោះ​)​និង​ចំណតរថយន្ត​ក្រោម​ដី​ទី​៤​ធ្វើ​នៅក្រោម​សួនច្បារ​ផ្សារ​រាត្រី​គឺ​ក្រុមហ៊ុន អ៊ី​ឌី​ស៊ី​យូ​តា ខេ​ម​បូ​ឌា ភី​ធី​អ៊ី អិ​ល​ធី​ឌី ​EDISIJUTA (Cambodia) PTE.,Ltd​អ្នកអនុវត្ត​ដោយបាន​ទទួល​ការឯកភាព​ពី​រាជរដ្ឋាភិបាល​ហើយ គឺ​ស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី នៅ​ខាងក្រោម​ផ្សា​រាត្រី​តែម្តង​។​

​លោក​អភិបាលរង​បន្តថា​៖​បន្ទាប់ពី​ធ្វើ​ចំណត​រួច​នឹង​ត្រូវធ្វើ​សួនច្បារ​ពីលើ ដើម្បី​ជួយ​លើក​កំពស់​សោ​ភ​ណ្ឌ័​ភាព​រាជធានី​ភ្នំពេញ​។ ចំណែក​ចំណតរថយន្ត​ក្រោម​ដី ក្រោម​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ​នៅពេល​ស្ថាបនា​រួច​ក៏ត្រូវ​ធ្វើ​សួន​ពីលើ និង​រៀបចំ​កន្លែង​ប្រគុំ​តន្ត្រី​សម្រាប់​ជនពិការ​។​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​ថា​៖ ដោយសារ​បញ្ហា​សណ្តាប់ធ្នាប់ និង​ការកកស្ទះ​ចរាចរ​កាន់តែ​មាន​ភាព​ស្មុគស្មាញ និង​ប្រឈម​ផង​នោះ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយមាន​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​ពី​វិស័យ​ឯកជន បាន​ជំរុញ​ផែនការ​ស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី​ឲ្យ​បាន​ច្រើន ដើម្បី​កាត់បន្ថយ​ការកកស្ទះ​ចរាចរ និង​ជួយ​សម្រួល​ដល់​បញ្ហា​សណ្តាប់ធ្នាប់​សាធារណ​ឲ្យ​មាន​ភាពប្រសើរឡើង​។​

​លោក​បន្តថា ជាក់ស្តែង​នៅ​ចន្លោះ​ផ្លូវភ្លោះ ផ្លូវ​លេខ​១០៦ និង​ផ្លូវ​លេខ​១០៨ រដ្ឋបាល​រាជធានី​ភ្នំពេញ គ្រោង​ស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី​ចំនួន​ពីរ​បន្ថែមទៀត គឺ​នៅ​ខាងក្រោម​សួនច្បារ​ទីលាន​ប្រជាធិបតេយ្យ និង​មួយទៀត​នៅ​ខាងក្រោម​ផ្សារ​រាត្រី​តែម្តង​។​

​ចំណែក​មន្ត្រី​ជំនាញ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ចាប់យក​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​បន្ថែមទៀត ដើម្បី​សហការ ក្នុង​ផែនការ​សិក្សា និង​រៀបចំ​ស្ថាបនា​ចំណតរថយន្ត​ក្រោម​ដី​ចំនួន​ពីរ​ទីតាំង បន្ទាប់ពី​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ​ផ្សេងទៀត បាន និង​កំពុង​សាងសង់​ចំនួន​ពីរ​ទីតាំង​ដូចគ្នា ។​មន្ត្រី​ដដែល​បញ្ជាក់ថា​៖ ទីតាំង​ចំណតរថយន្ត​ក្រោម​ដី​ទាំង​៤​ទីតាំង​នោះ ស្ថិតនៅ​ចន្លោះ​ផ្លូវភ្លោះ ផ្លូវ​លេខ​១០៦ និង​ផ្លូវ​លេខ​១០៨ ក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ ដូនពេញ ដែល​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចំនួន​៤​ធ្វើការ​វិនិយោគ​តាម​រូបភាព BOT ក្នុង​គោលបំណង រក្សា​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​បាន​ច្រើន ជាពិសេស​នៅ​តំបន់​នោះ​តែម្តង​។ មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ទៀតថា​៖ ចំពោះ​ចំណត​នៅ​ខាងក្រោម​ផ្សារ​រាត្រី មាន​ប្លង់គោល និង​បាន​ឯកភាពគ្នា​ហើយ ប៉ុន្តែ​អាជ្ញាធរ​តម្រូវ​ឲ្យ​ក្រុមហ៊ុន សិក្សា​បន្ថែម​ពី​ស្ថានភាព​ទីតាំង ឲ្យ​បានច្បាស់លាស់ ដូចជា​ប្រព​ន្ធ័​ទឹក​ភ្លើង និង​ប្រព​ន្ធ័​លូ​ដែល​កប់​នៅក្រោម​ដី និង​ត្រូវ​សិក្សា​សោ​ភ​ណ្ឌ័​ភាព​ផ្នែក​ខាងលើ​ឲ្យ​មាន​ភាព​ទាក់ទាញ​និង​សិក្សា​បន្ថែម​នូវ​ផលប៉ះ ពាល់​ដោយ​គ្រោះធម្មជាតិ ដូចជា​ទឹកជំនន់​ជាដើម ដើម្បី​ត្រៀម​បង្ការ​ទុកជាមុន​។​

​មន្ត្រី​ជំនាញ​រូបនោះ​បានបញ្ជាក់​ទៀតថា​៖​ចំណតរថយន្ត​ក្រោម​ដី​ខាងក្រោម​ផ្សារ​រាត្រី​នេះ​មាន​ទំហំ ៩១៣៧,៤៧​ម៉ែត្រការ៉េ និង​មាន​កំពស់​២​ជាន់ ដែល​អាច​ផ្ទុក​រថយន្ត​បាន​ប្រមាណ​៣០០​គ្រឿង ។​ចំណតរថយន្ត​ក្រោម​ដី​៤​ទីតាំង​ស្របតាម​បណ្តោយ​ខាងក្រោម​សួនច្បារ ចាប់​ពីមុខ​សក្យមុនី​ចេ​តី​យ៏​រហូតដល់​មាត់ទន្លេ​ផ្សារ​ចាស់​នឹង​ចេញ​រូបរាង​នាពេលខាងមុខ​។​

​មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ទៀតថា​៖ ចំពោះ​ចំណត​នៅ​ខាងក្រោម​ផ្សារ​រាត្រី​មាន​ប្លង់គោល និង​បាន​ឯកភាពគ្នា​ហើយ ប៉ុន្តែ​អាជ្ញាធរ​តម្រូវ​ឲ្យ​ក្រុមហ៊ុន សិក្សា​បន្ថែម​ពី​ស្ថានភាព​ទីតាំង ឲ្យ​បានច្បាស់លាស់ ដូចជា​ប្រព​ន្ធ័​ទឹក​ភ្លើង និង​ប្រព​ន្ធ័​លូ​ដែល​កប់​នៅក្រោម​ដី និង​ត្រូវ​សិក្សា​សោ​ភ​ណ្ឌ័​ភាព​ផ្នែក​ខាងលើ​ឲ្យ​មាន​ភាព​ទាក់ទាញ និង​សិក្សា​បន្ថែម​នូវ​ផលប៉ះពាល់​ដោយ​គ្រោះធម្មជាតិ ដូចជា​ទឹកជំនន់​ជាដើម ដើម្បី​ត្រៀម​បង្ការ​ទុកជាមុន​៕

CEN
ដោយ: ដា​វុ​ធ​

No comments: