
សៀមរាប: នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ ឯកឧត្តម អគ្គនាយកអាជ្ញាធរជាតិអប្សរា បានជួបពិភាក្សាការងារ ជាមួយតំណាង ក្រុមហ៊ុនអ៊ីអុង (AEON) សាកលវិទ្យាល័យសូហ្វីយ៉ា និងក្រុមហ៊ុនសាតូកម្ពុជា។ ជំនួបពិភាក្សានេះ ធ្វើឡើងនៅទីស្នាក់ការ អាជ្ញាធរជាតិអប្សរាផ្ទាល់ ដោយផ្តោតសំខាន់លើ ដំណើរការ នៃការជួសជុលសារមន្ទីរ ព្រះនរោត្តម សីហនុ អង្គរ និងការដាក់ឲ្យដំណើរការឡើងវិញ នូវសារមន្ទីរ ក្រោយការជួសជុល រួចរាល់។
ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្លែងអំណរគុណចំពោះ ក្រុមហ៊ុនអ៊ីអុង និងសាកលវិទ្យាល័យសូហ្វីយ៉ា ដែលបានជួយជ្រោមជ្រែង ក្នុងកិច្ចអភិរក្សវប្បធម៌ នៅអង្គរ ជាពិសេស គឺកិច្ចការជួសជុល សារមន្ទីរនៅពេលនេះ។ ឯកឧត្តម បញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ពិតជាពេញចិត្ត ចំពោះសមិទ្ធផល ដ៏ល្អប្រសើរនេះ ហើយអាជ្ញាធរជាតិអប្សរា នឹងពិភាក្សាជាមួយ សាកលវិទ្យាល័យសូហ្វីយ៉ា ដើម្បីរិះរកវិធីសាស្ត្រយ៉ាងណា ទាក់ទាញភ្ញៀវទេសចរ ឲ្យចូលទស្សនាសារមន្ទីរនេះ កាន់តែច្រើន ក្រោយពីជួសជុលរួចរាល់។ ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក ក៏បានស្នើឲ្យក្រុមហ៊ុនអ៊ីអុង ពិចារណាជួយជួយជួសជុល ចំណុចមួយចំនួនទៀត ដែលមិនមាន ក្នុងកិច្ចព្រមព្រៀង។
ទីប្រឹក្សាជាន់ខ្ពស់ នៃក្រុមហ៊ុនអ៊ីអុង លោក ហាយ៉ាស៊ី ណាអុគី បានសម្តែងនូវការពេញចិត្ត ចំពោះដំណើរការជួសជុល ដែលមានការវិវឌ្ឍ ទៅមុខជាលំដាប់។ លោកបញ្ជាក់ថា ដំណើរការជួសជុលនេះ មិនចោទជាបញ្ហាអ្វីនោះទេ តែអ្វីដែលយើងគិត គឺការទាក់ទាញភ្ញៀវទេសចរ ឲ្យចូលមកទស្សនា សារមន្ទីរឲ្យបាន ក្រោយពីការជួសជុលរួចរាល់។ ចំពោះសំណូមពរជួសជុល ចំណុចផ្សេងពីកិច្ចព្រមព្រៀង លោកនឹងទៅពិនិត្យ ដោយផ្ទាល់ម្តងទៀត ហើយនឹងពិចារណាឡើងវិញ។
សារមន្ទីរព្រះនរោត្តម សីហនុអង្គរ បានកសាងឡើង នៅឆ្នាំ២០០៧ ក្រោមកិច្ចសហប្រតិបត្តិការ រវាង អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យ សូហ្វ៊ីយ៉ា ដោយ “មូលនិធិនៃក្លឹប ១%” របស់ក្រុមហ៊ុនអ៊ីអុង ដើម្បីដាក់តាំង និងតម្កល់វត្ថុបុរាណ ដែលបានរកឃើញ ក្នុងពេលសិក្សាស្រាវជ្រាវ របស់សាកលវិទ្យាល័យ សូហ្វ៊ីយ៉ា កាលពីឆ្នាំ២០០០ និង២០០១ នៅប្រាសាទបន្ទាយក្តី។ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៦មក ក្រុមហ៊ុនអ៊ីអុង អាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា សម្រេចធ្វើការជួសជុល កែលម្អឡើងវិញ ហើយគ្រោងនឹងបញ្ចប់ នៅពាក់កណ្តាលខែមីនា ឆ្នាំ២០១៧នេះ។
យោងតាមខ្លឹមសារ នៃកិច្ចព្រមព្រៀង ស្តីពីការងារជួសជុលនេះ មូលនិធិក្លឹប ១% នៃក្រុមហ៊ុនអ៊ីអុង ទទួលបន្ទុកចំណាយទាំងស្រុង លើការងារជួសជុល ដំបូលលិចទឹក ជញ្ជាំងជ្រាបទឹក លាបថ្នាំ ជួសជុលបង្អួច និងកម្រាលឥដ្ឋសាលពិព័រណ៍។ អាជ្ញាធរជាតិអប្សរា ទទួលបន្ទុកដឹកជញ្ជូន ចម្លាក់មុន និងក្រោយការងារជួសជុល សម្របសម្រួល ការងារផ្សេងៗ និងចូលរួមជួសជុល ចំណុចផ្សេងៗទៀត តាមលទ្ធភាពជាក់ស្តែង។ ចំណែកសាកលវិទ្យាល័យ សូហ្វ៊ីយ៉ា នឹងទទួលបន្ទុកផ្តល់ប្រឹក្សា លើការងារជួសជុល និងលើដំណើរការ ពិព័រណ៍សារមន្ទីរ បន្ទាប់ពីជួសជុលហើយ៕
CEN
ដោយ: អាជ្ញាធរជាតិអប្សរា
No comments:
Post a Comment