Menu

    ទំព័រ​ដើម អំពីយើង​ខ្ញុំ ការងារ​ពួក​យើង ទំនាក់ទំនង ចុះ​ផ្សាយ​វីដេអូ

ជប៉ុន​ផ្តល់​ថវិកា​ជាង​១​លាន​ដុល្លារ​ សម្រាប់​ជួយ​លើគម្រោងសុវត្ថិភាពវិស័យ​សំណង់​នៅ​កម្ពុជា​



ភ្នំពេញ​ ៖​ លោក​ឡេង​ តុង ​ប្រធាន​នាយកដ្ឋាន​ពេទ្យ​ការងារ​នៃ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​មានប្រសាសន៍ថា ​រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ថវិកា​ប្រមាណ​ជាង​១​លាន​ដុល្លារ​អាមេរិក​ជួយ​ទៅលើគម្រោងសុ​វត្តិភាព​វិស័យ​សំណង់​នៅ​កម្ពុជា​សម្រាប់រយៈពេល​៣​ឆ្នាំ​។​

លោក​ឡេង​ តុង​ បាន​បន្តថា​ គម្រោង​ស្តីពី​សុ​វត្ថិភាព​ការងារ​ក្នុង​វិស័យ​សំណង់​នេះ ​នឹង​ចាប់ផ្តើម​អនុវត្ត​នៅ​ខែមេសា​ ឆ្នាំ​២០១៧​ខាងមុខនេះ ​រយៈពេល​៣​ឆ្នាំមាន​តម្លៃ​ប្រមាណ​ជាង​១​លាន​ដុល្លា​រ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ផ្នែក​សំណង់​នេះ ហើយគម្រោងនេះ​យើង​សហការ​ជាមួយ​អង្គការ​អាយ​ឡូ​។​ លោក​បាន​បន្ថែមថា​ បញ្ហា​វិស័យ​សំណង់​នេះ​កន្លងមក​ខាង​ម្ចាស់​ការដ្ឋាន​សំណង់​នីមួយៗ​មិនសូវ​សហការ​ល្អជា​មួយក្រុម​ការងា​រ​យើង​ទេ​។​ ដូចនេះ​ទាមទារ​ឲ្យ​មាន​កិច្ចសហការ​គ្នា​ល្អ​បន្ថែមទៀត​រវាង​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ទៀត​។​

លោក​ឡេង ​តុង​ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា ​ក្រៅពីនេះ​ឆ្នាំ​២០១៧​នេះ​ នាយកដ្ឋាន​ពេទ្យ​ការងារ​ផ្តោត​សំខាន់​លើ​ការ​អនុវត្តតាម​អនុ​ក្រឹ​ត្យ​ស្តីពី​សុ​វត្ថិភាព​ការងារ​ ដែល​អនុ​ក្រិឹត្យ​នេះ​មាន​សារៈសំខាន់​ណាស់​ក្នុងការ​ប្រមូលផ្តុំ​អន្តរក្រសួង​ដើម្បី​ចូលរួម​ទប់ស្កាត់​បញ្ហា​សុ​វត្តិភាព​ការងារ​នៅតាម​រោងចក្រ​សហគ្រាស​បាន​កាន់​តែ​ល្អប្រសើរ​។​ ក្នុងនោះ​យើង​នឹងមាន​បង្កើត​គណៈកម្មាកា​រ​ធិ​ការ​សុ​វត្ថិភាព​សហគ្រាស​មាន​តំណាង​សហគ្រាស​កម្មករ​និយោជក​ចូលរួម​ផងដែរ​។​ គណៈកម្មាធិការ​នេះ​នឹង​វិភាគ​វាយតម្លៃទៅតាម​ស្ថាន​ការជាក់ស្តែង​នីមួយៗ​ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​មាន​បញ្ហា​គ្រោះថ្នាក់​ដល់ក​ម្មករ​យើង​។ ​ដូចជា​បញ្ហា​សុ​វត្ថិភាព​កម្មករ​ធ្វើការ​នៅ​កន្លែង​សំណង់ កម្មករ​ដួលសន្លប់​និង​គ្រោះថ្នាក់​ការងារ​។​

លោក​បាន​បញ្ជាក់ថា ​លើសពីនេះ​គឺ​ដើម្បី​ការពារ​សុខភាព និង សុវត្ថិភាព របស់​កម្មករនិយោជិត កែលម្អ​លក្ខខណ្ឌ​ការងារ រួមចំណែក ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ និង​ការធ្វើ ឲ្យ​ប្រសើរឡើង នូវ​ជីវភាព​រស់នៅ របស់​កម្មករនិយោជិត ។​

លោក​បាន​បន្ថែមថា​« នេះ​ជា​គោលបំណង ដ៏​ធំ​បំផុត របស់​រាជរដ្ឋាភិបាល ក្នុងការ​ធ្វើឲ្យ​ប្រសើរឡើង នូវ​សុខភាព និង​សុវត្ថិភាព ទាំង​កម្មករនិយោជិត ក្នុង​សេដ្ឋកិច្ច​រៀបរយ ឬ​មិន​រៀបរយ​ក្តី និយាយ​រួម គឺជា​ការធ្វើឲ្យ​ប្រសើ​ឡើង នូវ​សុខភាព និង​សុវត្ថិភាព សម្រាប់​ប្រជាជន​ទាំងអស់គ្នា ឈានទៅ​បង្កើន​ផលិតភាព ផងដែរ »​៕

កម្ពុជា​ថ្មី
សំអឿន​

No comments: